ខ្ញុំធំឡើង ក្នុងប្រវត្តិគ្រួសារបែកបាក់ និងពេញដោយសង្រ្គាម ជាប្រភេទគ្រួសារហិង្សាដែលពិបាកយល់បាន។
ឪពុកខ្ញុំគឺជាមន្រ្ដីរាជការផង (ទីប្រឹក្សា ឯកឧត្តម ហ៊ុន ណេង) និងជាម្ចាស់សាលាបង្រៀនឯកជនដ៏ល្បីក្នុងទីរួមខេត្តកំពង់ចាម ឯម្ដាយខ្ញុំគឺ ស្រ្ដីមេផ្ទះ។ ទោះបីជាមានគ្រួសារមានមុខមានមាត់ មានតំណែងក្នុងជួរមន្រ្ដីរាជការ ក៏ឪពុកខ្ញុំមិនមែនជាអ្នកមានទ្រព្យស្ដុកស្តម្ភដែរ។ សាលាឯកជនបង្រៀនភាសាអង់គ្លេសពិតមែន តែកូនៗរបស់ពួកគាត់មិនចេះភាសាអង់គ្លេសសូម្បីមួយពាក្យ ប្រហែលជាងកន្រ្ដៃ សក់ន្រ្ទើងហើយមើលទៅ! តែកំុព្យូរទ័រវិញ មិនឲប៉ះសូម្បីជូតសម្អាត។
មើលទៅម្ដាយរបស់ខ្ញុំ ត្រូវឪពុកជេរកប់ៗមាត់ទាំងនៅមុខគេ (កូនសិស្ស) និងពេលគ្មានកូនសិស្ស។ មូលហេតុគឺ ពេលខ្លះរឿងការងារផ្ទះ បាយ ឡើងផ្សារយូរ រៀបចំម្ហូបត្រជាក់អស់ ឃ្លានបាយខ្លាំង ម្ហូបមិនឆ្ងាញ់ ឬម្ដាយខ្ញុំទៅដូរម៉ូដសក់អ៊ុត (ត្រូវប៉ាជេរមុខគេ ហើយវាយ) ឬប្រច័ណ្នម្ដាយខ្ញុំ ជាដើម។ ជួនកាលត្រូវស្លាបព្រាបហោះ ចានបាយបោកបែកដូរថ្មីហូរហែ។ ឯពេលខ្លះគឺរន្ធត់ ព្រលឹងចុងសក់ ព្រោះឪពុកខ្ញុំ មិនត្រឹមតែបញ្ជោរ ឬគម្រាមម្ដាយខ្ញុំនោះទេ គឺវាយដំ ដល់បែកមុខបែកមាត់ ទាំងម្ដាយខ្ញុំ មិនអាចទៅក្រៅបាន ហើយប្រើខ្ញុំឲទៅឡើងផ្សារជំនួស។
មានពេលមួយនោះ គឺខ្ញុំទិញត្រីគេ សុំថែមម្អម អ្នកលក់ស្រែកជេរស្ដីឲ គេសើចពេញផ្សារ កាលនោះទើបរៀនថ្នាក់ទី២-៣ តែនៅមិនទាន់ដឹងថា ឡើងផ្សារម៉េចផង មកផ្ទះវិញ ត្រូវម៉ាក់ជេរ ហើយវាយព្រោះមិនចេះឡើងផ្សារ ប្រើមិនបាន។
យូរៗទៅ ខ្ញុំឃើញ ឪពុកម្ដាយខ្ញុំវាយដំ និងជេរអាក្រាតគ្នា ជាទម្លាប់ ដែលចានក្បានត្រូវបែកពេលពួកគាត់ឈ្លោះគ្នាម្ដងៗ ម្ដាយ ខ្ញុំបានត្រឹមជេរតប ឯឪពុកខ្ញុំជេរផង វាយផង បោកចានបោកឆ្នាំងផង ឯខ្ញុំវិញពួនក្រោមគ្រែ ហើយបងស្រីខ្ញុំចូលទៅសំកាំងខ្លួនឃាត់ តែត្រូវប៉ាវាយមិនប្រណីជាមួយម្ដាយខ្ញុំ ដោយសារបងស្រីខ្ញុំជេរថា "ប៉ាឯងឆ្កួតហើយ ចង់វាយម៉ាក់ឲស្លាប់មែនឬ?"។ ប្អូនប្រុសខ្ញុំវិញ បានត្រឹមអង្គុយមើល (អាយុ ៦-៧ ឆ្នាំ) តែប្អូនខ្ញុំនៅស្ងៀមមិនហ៊ានចេញស្ដីស្ងាត់ជ្រប់ ខ្ញុំមិនដឹងថាប្អូនប្រុសគិតយ៉ាងម៉េចទេ ។ខ្ញុំវិញកំសាកណាស់ ហើយព្រលឹងចុងសក់ បេះដូងដើរញាប់ព្យាយាមយកដៃខ្ទប់ត្រចៀក ហើយលួចមើលម្ដងៗ ខ្លាចឪពុកខ្ញុំឃើញ។ តែចម្លែកថា ពេលពួកគាត់ត្រូវគ្នាវិញ ពួកគាត់សួរចម្លើយពួកខ្ញុំថា [បើប៉ាម៉ាក់បែកគ្នា តើតាមប៉ា ឬតាមម៉ាក់?] ចុះពេលឈ្លោះគ្នា ម៉្ដេចមិនសួរនាំគ្នាដូចពេលនេះ ចំាបាច់ប្រើអំពើហិង្សាធ្វើអ្វី? ខ្ញុំបដិសេធមិនចឆ្លើយតាមចិត្តដែលពួកគាត់ចង់ឮ តែសុំមិនឆ្លើយ ព្រោះ ខ្ញុំ មិនដឹងថាចម្លើយខ្ញុំនោះ ជួយគាត់ឲជុំគ្នាសោះ បើតាមម៉ាក់ មានន័យថា គ្រួសារបែកបាក់ បើតាមប៉ាក៏គ្រួសារបែកបាក់ សុខចិត្តថា អត់ដឹង។
ដំណាក់កាលចុងក្រោយ វ័យ១១ឆ្នាំ លើកនេះអ្វីដែលខ្ញុំជួបប្រទះគឺម្ដាយខ្ញុំមានអ្នកផ្សេង មានគម្រោងបែកជាមួយប៉ាមែនហើយ ឯប៉ា បានរៀបចំគម្រោងដែរ គឺចាប់អ្នកទាំងពីរចូលគុក ព្រោះចង់ឈ្នះរៀងៗខ្លួន។ ដោយសារតែចង់បានភាពស្អាតស្អំហើយមើលទៅ! យប់នោះ ប៉ាខ្ញុំបានចាប់ម្ដាយខ្ញុំ និងដៃគូគាត់ ចាក់សោរក្នុងបន្ទប់ទាំងពីរ រួចក៏តេទូរស័ព្ទទៅប្ដឹងសុំជំនួយពីមេរបស់គាត់ ឲចាត់មេប៉ូលីស មកជាបន្ទាន់ដោយលេសថា ដៃគូគាត់ បានប្រើគ្រឿងញៀន មានកាំភ្លើងគម្រាមបាញគាត់ តែតាមពិតគាត់ជាអ្នកចាប់ម្ដាយខ្ញុំ និង ដៃគូ គាត់ចាក់សោរឲនៅជាមួយគ្នា ឯខ្ញុំលួចមើលពីខាងលើកាំជណ្ដើរ ដោយស្ងៀមស្ងាត់ ហាក់បីដូចអ្នកទាំងអស់គ្នាកំពុងបិទបាំងរឿងអ្វីមួយ។ រហូតធ្វើឲខ្ញុំគិតថា ម្ដាយខ្ញុំ និងដៃគូរបស់គាត់ សុំចាកចេញទៅជាមួយគ្នាហើយ តែឪពុកខ្ញុំមិនព្រម ក៏ប្រើល្បិចបង្វែរសាច់រឿង រហូតដល់ព្រឹកស្អែក ប៉ូលីសបានចាប់ដៃគូគាត់ទៅដាក់ប៉ុស្តិ៍ ហើយឪពុកខ្ញុំអង្វរម្ដាយខ្ញុំ ឲចាប់ផ្ដើមសារជាថ្មីជាមួយគាត់ គាត់ព្រមដោះលែងដៃគូម្នាក់នោះហើយ បើមិនចង់ឲជាប់គុក គឺទាល់ម្ដាយខ្ញុំព្រមរួមរស់ជាមួយគាត់ ហើយគាត់ឈប់ប្រើអំពើហិង្សាតទៅទៀតដែរ។ ម្ដាយខ្ញុំមិនមាត់កអ្វីទាំងអស់ តែល្ងាចមួយ គឺគាត់ធ្វើល្អខុសសព្វដង រហូតបានឲលុយ ទៅប្អូនប្រុសខ្ញុំចាយច្រើនខុសសព្វដង ឯខ្ញុំក៏ទទួលបានលុយចាយដែរ គ្រាន់តែតិចជាងប្អូនប្រុសខ្ញុំ ឯបងស្រីខ្ញុំវិញ គាត់រស់នៅជាមួយ យាយ ដោយសារមិនត្រូវជាមួយឪពុកខ្ញុំ មានលេសជាច្រើនថា ការរកស៊ីមិនឡើងដោយសារឆុងឆ្នាំគាត់ ធ្វើឲជម្ងឺគាត់ (ឪពុកខ្ញុំ) មានគ្រូកាន់ប្រកាន់ វាយប្រពន្ធ វាយចានឆ្នាំង ជាដើម (តាមពិត គឺភាពអាត្មានិយមនៃការចង់ឈ្នះចាញតែប៉ុណ្ណោះ តែដាក់កំហុស និងបន្ទុកទាំងអស់ឲកូនទៅវិញ ដើម្បីភាពស្អាតស្អំ និងត្រូវរូវគ្នាជាមួយប្រពន្ធ ឯម្ដាយខ្ញុំក៏ខំការពារ បង្កើតរឿងប្រឌិតជាមួយឪពុកខ្ញុំ ដើម្បីភាពស្អាតស្អំ ដូច្នេះមានតែជំន្លៀសបងស្រីខ្ញុំ ឲទៅរស់នៅជាមួយយាយ ឬជាមួយអ៊ុំធ្វើពេទ្យ)។
និយាយពីល្ងាចនោះ ពួកខ្ញុំ (ប៉ា និងប្អូនប្រុស) បានត្រជាក់ចិត្តល្ហើយចិត្ត ខ្ញុំមានអារម្មណ៍ខុសប្លែកពីធម្មតា ព្រោះប៉ានិយាយសម្ដីផ្អែម ដាក់ម៉ាក់ ហើយម៉ាក់ទន់ភ្លន់ និងអនុញ្ញាតឲកូនៗគាត់សុំអ្វីបានដោយសេរី ដូចជាសុំមើលតុក្កតា ទិញនំ រត់លេងជាដើម។ ព្រហាមស្រ៊ាងៗ ឡើងខ្ញុំដឹងខ្លួនឡើង (ដូចជាឪពុកខ្ញុំហៅដាស់ខ្ញុំឡើងមិនដឹង) តែគាត់ប្រាប់ថា ម៉ាក់នាងឯងរត់ចោលយើងហើយ ដោយប្រើឧបាយកល ដាក់ថ្នាំងងុយគេងក្នុងម្ហូបអាហារ ហើយចេញទៅស្ងាត់ ទៅតាមប្រុសវាហើយ។ រំពេចនោះក្នុងខួរក្បាលខ្ញុំ ហាក់ដូចជាចំាសម្លេងល្វើយៗ ក្នុងពេលខ្ញុំដេកលក់ គឺដូចជាសម្លេងម្ដាយខ្ញុំបានខ្សិបប្រាប់ថា "នៅជាមួយប៉ាកូនឯងឲបានសុខ ម៉ាក់លាហើយ..."។ ទឹកភ្នែកខ្ញុំហូរជ្រោកៗ បានត្រឹមអួលដើមក រត់ទៅរកសំពត់ម្ដាយខ្ញុំដែលហាលទុកចោល មកកាន់អោបយំ មិនចុះទៅក្រោម មិនញ៉ាំបាយទឹករហូតបីថ្ងៃ គិតយំ រហូតឪពុកខ្ញុំ បានសុំឲខ្ញុំជួយគាត់ ជួយជំនួសការងាររកស៊ី សងបំណុលសាលា ជាមួយគាត់។
ពេលនោះគឺខ្ញុំកំពុងរៀនថ្នាក់ទី៥ ឯឪពុកខ្ញុំសុំឲខ្ញុំឈប់ទៅសាលា ប្រហែលគាត់មានការអាម៉ាសហើយ ព្រោះម្នាក់ៗសើចចម្អកថាគាត់ ត្រូវប្រពន្ធរត់ចោល ឯគាត់ក៏បន្ថែមឃ្លាថា ប្រពន្ធគាត់រត់តាមប្រុស។ សម្រាប់ខ្ញុំនៅតែទន្ទឹងចាំជួបម៉ាក់ ព្រោះមិនដែលបានពោលពាក្យ មួយឃ្លាទៅកាន់គាត់ថា "ខ្ញុំស្រលាញ់ម៉ាក់" ទោះបីម៉ាក់សម្រេចចិត្តបែកពីប៉ាក៏ខ្ញុំចង់ឃើញម៉ាក់ចុងក្រោយថា ម៉ាក់មានក្ដីសុខ ហើយនៅក្នុងដៃវិញ កាន់អោបថើបសំពត់របស់គាត់ មិនឲឃ្លាតទេ។
យ៉ាងណា ព្រៅតែគ្មានវត្តមានគាត់ទើមឪពុកខ្ញុំបានបណ្ដុះបណ្ដាលខ្ញុំឲចេះពីមេរៀនកំុព្យូរទ័រ ដើម្បីបង្រៀនសិស្សរបស់គាត់ អ្វីដែលអស្ចារ្យនោះ គឺខ្ញុំមិនដឹងបានកម្លាំងចិត្តមកពីណាទេ ទាំងការបង្រៀន ទាំងការរៀនសុត្ររបស់ខ្ញុំ គឺបានល្អខ្លាំង តែទោះយ៉ាងណា ប៉ានៅតែរៀបចំគម្រោងចាកចេញពីខេត្តដោយស្ងាត់បំផុត ដោយមិនបានស្ដាប់តាមសំណូមពររបស់ខ្ញុំនោះទេ។ គាត់យកនារីប្លែកផ្សេងមុខមកសាលា ម្ដងថាម្នាក់នោះនឹងក្លាយជាម្ដាយខ្ញុំ តែនារីៗទាំងនោះនៅបានត្រឹមមួយយប់ប៉ុណ្ណោះ រហូតមានទាំងពឹងពាក់ខ្ញុំឲធ្វើជាមេអណ្ដើក រកប្រពន្ធឲគាត់ ខ្ញុំបានធ្វើម្ដងគឺចែដានិន តែគាត់នៅភូមិរកា ឯសាច់ញាតិរបស់គាត់ដំបូង ទទួលខ្ញុំ មិនដឹងជាម៉េច ក៏មានថ្ងៃមួយ រឿងរ៉ាវប្រេះឆាកើតឡើង អាចប្រហែលមកពីប៉ាខ្ញុំទៅជេររករឿងក្មួយគាត់ (បងណេត) ខាងអ៊ុំពេទ្យខ្ញុំ ទើបមានរឿងធំផ្ទុះ ហើយខ្ញុំពេលនោះនៅផ្ទះចែដានិន ក៏ជួយមើលថែកោសខ្យល់ ព្រឹកស្អែកបងប្អូនគាត់ម្នាក់ជូនខ្ញុំទៅសាលាវិញ ដោយពោលពាក្យដ៏មុតចាក់ពុះខ្ញុំជាពីរគឺ "កូនអ្នកក្រ កុំយកខ្លួនប៉ះប្រយ័ត្នឆ្លងក្រ...ឆាប់មកអង្គុយខាងមុខ..ហើយពីថ្ងៃនេះតទៅ ឈប់មកផ្ទះនេះទៀត ព្រោះគ្រួសារនេះមិនរៀបការនឹងគ្រួសារក្រៗ ចឹងទេ"។
ចូលមកដល់វគ្គថ្មីមួយទៀត នោះគឺស្រ្ដីម្នាក់មមកពីភ្នំពេញ ដែលឪពុកយកមកណែនាំពួកខ្ញុំថាម្ដាយក្រោយដែលនឹងមើលថែ ដាំបាយ សម្រាប់ពួកខ្ញុំ។ តែគម្រោងមិនដូចបានដែលបានគាត់សន្យាឬដើរប្រាប់គេ (សិស្សៗ) នូវពាក្យខាងលើនោះទេ គឺគាត់លក់ផ្ទះដី សេងសាលា (៧ពាន់ដូល្លា) ដើម្បីមកសាងជីវិតនៅភ្នំពេញ។ យ៉ាងណា ការសិក្សារបស់ខ្ញុំត្រូវតែផ្អាក ចាំគាត់មានលុយកាក់នឹង ឲខ្ញុំចូល រៀនវិញ។ អ្វីដែលទាំងនេះគ្រាន់តែជាលេស តែប៉ុណ្ណោះ ព្រោះរាល់យប់ខ្ញុំតែងឭគាត់និយាយម្នាក់ថា នឹងសកសឹកម្ដាយខ្ញុំ មិនឲខ្ញុំជួប គ្នាជារៀងរហូត បំណាច់នឹងចាកចោលគាត់ គាត់នឹងពង្រាត់មិនឲជួបមួយជីវិត។
ក្នុងថ្ងៃចាកចេញពីខេត្តកពង់ចាមនោះ គឺពួកគាត់បានដាស់ពួកខ្ញុំ គឺពួកយើងលួចចាកចេញតាំងពីម៉ោង២ទៀបភ្លឺ គឺជួលឡានតូរីស មានប្អូនប្រុសខ្ញុំ ម្ដាយក្រោយដែលកំពុងមានផ្ទៃពោះ និងខ្ញុំ។ តៃកុងឡានធុំក្លិនស្រាឡើងហួង រួចបានពាក់កណ្ដាលផ្លូវ ឡានបើកលឿនទៅ រ៉េឆ្វេង រ៉េស្ដាំ បេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ គ្មាននរណាហ៊ានហារម៉ាត់ ឯខ្ញុំហៀបនឹងស្រែក តែឡានក៏រអិលទៅឆ្វេងដៃ ក្រឡាប់បួនប្រាំត្រលប់ ក្នុងក្បាលខ្ញុំវិលតាមឡានក្រឡាប់ចាក់អស់ហើយបានត្រឹមបន់ស្រន់ថា "កុំឲខ្ញុំឈឺចាប់ សុំជួយខ្ញុំផង..."ហើយសម្លឹងមើលបន្ទោងព្រះនាងគង់ស៊ីអីម រួចក៏បិទភ្នែក។
ភ្លូក! ឡានធ្លាក់ចូលស្រែ មិនយូរមានប្រជាពលរដ្ឋមកមើលព័ទ្ធជុំវិញ ឯឡានជាប់ផុង ខ្ញុំជាប់ខាងក្រោមគេ ម្ដាយក្រោយខ្ញុំអោបពោះ ហើយព្យាយាមក្រោក តែមានរបួសចេញឈាម រលាត់ដៃជើង ឯប្អូនប្រុសខ្ញុំវិញ ដាច់រលាត់ដៃជើង តែមិនសូវធ្ងន់ធ្ងរ តៃកុងទាំងពីរក៏មានរបួស ក្រោករកជំនួយ ហើយដូរគ្នាបើក ឯខ្ញុំវិញប្រហោងពោះ មិនហ៊ានមើលខ្លួនឯងទេ ស្លុតក្នុងចិត្តនៅឡើយតែរកមិនឃើញរបួសអ្វីសោះ ទាំងម្ដាយក្រោយខ្ញុំអ្នកសង្កត់ខ្ញុំពីលើ ប្អូនប្រុសខ្ញុំវិញនៅលើគាត់។ ឪពុកខ្ញុំវិញ ធ្វើដំណើរម្នាក់ឯង បើកម៉ូតូចេញតាមក្រោយ។ គាត់លួចចាក់ចេញមិនបានប្រាប់មេរបស់គាត់ ក៏មិនឲនរណាដឹងក្រៅពីគេចចេញ ពីក្ដីអាម៉ាសប៉ុណ្ណោះ និងទុកការឈឺចាប់ឲម្ដាយខ្ញុំនូវអ្វីដែលគាត់ចង់សងសឹកពីអ្វីដែលម្ដាយបានចាកចោលគាត់ ដូច្នេះគាត់នឹងជន្លៀសពួកខ្ញុំឲឆ្ងាយដូចដែរគាត់បានស្បថនឹងខ្លួនឯងថា សងសឹកនូវរាល់ការឈឺចាប់ ការអាម៉ាសឲម្ដាយខ្ញុំស្ដាយក្រោយរហូត។
ឃើញហើយស្លុតចិត្ត រន្ធត់ចិត្តជាងពេលឡានក្រឡាប់ទៅទៀត វាមិនមែនជាកន្លែងគួរឲរស់នៅ វាមិនមែនដូចអ្វីដែលឪពុកបានអួតប្រាប់ គេថាយកពួកខ្ញុំទៅរស់នៅលើទឹកដីអាមេរិច មានការរៀនសូត្រខ្ពស់នោះដែរ។ អ្វីៗសុទ្ធតែជាការឆបោក បោកប្រាស់ទឹកចិត្តឲពួកខ្ញុំមក តាមគាត់តែប៉ុណ្ណោះ។
អ្វីៗផ្លាស់ប្ដូរ គឺឪពុកចាប់ផ្ដើមកាឡៃរឿង ជាថ្ងៃដែលគាត់មួលបង្កាច់បង្ខូច បង្កើតរឿងប្រឌិតទម្លាក់កំហុស លើមនុស្សគ្រប់គ្នា និងច្នៃរឿង ពួកខ្ញុំបានសុំអង្វរតាមគាត់ ពិសេសគឺរូបខ្ញុំ ថាគាត់បានសម្រេចចាកចោលពីកំពង់ចាម បំបោះបំបង់ខ្ញុំ តែខ្ញុំងើបក្រោកសុំតាមគាត់ ឯរឿងពិតគឺគាត់បានធ្លាប់ថាគាត់ទុកឲពួកខ្ញុំមើលការខុសត្រូវលើសាលា ហើយគាត់ទៅបើកសាខានៅភ្នំពេញមួយទៀត តែគាត់ក៏ធ្លាប់ បង្ហើបប្រាប់ថា គាត់ចង់បិទសាលា និងចាកចេញពីកំពង់ចាម តែខ្ញុំអង្វរថាមិនឲបិទ មិនឲបោះបង់ គឺខ្ញុំអាចរ៉ាប់រងបាន។ អ្វីៗប្រែប្រួល ជាពេលដែលគាត់ត្រូវយកពួកខ្ញុំមកកាត់សាញធ្វើការសងសឹកជំនួសម្ដាយខ្ញុំ ហើយបើខ្ញុំចង់បន្ទោស គឺត្រូវបន្ទោសម្ដាយខ្ញុំ ព្រោះខ្ញុំត្រូវ រស់នៅដើម្បីសងរាល់អ្វីម្ដាយខ្ញុំបានជំពាក់គាត់ ត្រូវនៅបម្រើប្រពន្ធកូនគាត់ ធ្វើជាខ្ញុំកញ្ចាស់ ហើយបើចង់លួចរត់នោះគាត់នឹងឲគេសម្លាប់ម្ដាយខ្ញុំ ព្រោះគាត់ដឹងថាពេលនេះម្ដាយខ្ញុំនៅឯណា ហើយគាត់មិនចង់ឪខ្ញុំទៅរកគាត់ ព្រោះយា៉ងណាគាត់គិតអនាគតខ្ញុំជាជាងទៅឲឪពុកចុងចាប់រំលោភ។ ពាក្យសម្ដីពិឃាត និងពាក្យអសុរោះ ក៏ត្រូវបានគាត់យកមក ប្រើចំពោះខ្ញុំ ដែលខ្ញុំធ្លាប់ឭគាត់ជេរដៀល និងជេរបញ្ជោរម្ដាយខ្ញុំ ពេលនេះគឺដល់វេនខ្ញុំម្ដង ពិសេសគឺម្ដាយក្រោយខ្ញុំ គាត់ជាកំពូល មនុស្សស្រីពូកែជេរ បើប្រពន្ធក្រោយគាត់មិនជេរ នោះគាត់មិនហូបបាយ ឬបោកចានឆ្នាំមិនខាន។
នៅជុំវិញខ្លួនខ្ញុំ គឺហ៊ុំព័ទ្ធដោយគ្រប់រឿង ទល់មុខជាប់នឹងផ្ទះគឺក្នលែងបនល្បែង សម្លេងស្រែកយំ ឬជេរគ្នាក្ដែងៗ ពីផ្ទះខាងក្រោយ គឺកន្លែងផ្ទះអ្នកលក់គ្រឿងញៀន ផ្ទះបន វាមិននៅជាមួយផ្លូវស្ពានកន្លែងខ្ញុំរស់នៅមែន តែវាជាម្ដុំផ្ទះលើទឹក ពោរពេញដោយទឹកស្អុយ សំរាម ក្លិនមិនល្អ ពេលភ្លៀងអរបានត្រងទឹក តែក៏ភ័យបើភ្លៀងយូរវានឹងប្រៀបរនាបក្ដារផ្ទះ នេះឬ ជីវិតរស់នៅសំណង់អាធិបតេយ្យ បឹងកំប្លោក? រស់នៅទីនោះប្រើពេល ៨ឆ្នាំ, ហេតុអ្វី ព្រោះរឿងកំហុសរបស់ខ្លួនមិនកែប្រែ បែរជារស់នៅកន្លែងនេះ? អាម៉ាស់? ហេតុអ្វីព្យាយាមលាក់បាំងការពិត ហើយប្រឹងបំភ្លៃ កាឡៃរឿងប្រឌិតទាំងនោះ ឯខ្លួនឯងប្រឹងក្រអើត រស់សំងំលាក់ខ្លួនកន្លែង បាបកម្ម នេះ? ហេតុអ្វីបណ្ដោយឲខ្លួនឯងប្រព្រឹត្តខុសទៅៗ ដើរដល់ផ្លូវទាល់ រួចមកច្របាច់កកូនៗដើម្បីសងសឹក? ដើម្បីបំបាត់ការឈឺចាប់ ក្នុងចិត្ត ត្រូវតែសងសឹកឈាមខ្លួនឯងឬ? តើពួកខ្ញុំបង្ខំឲលោកបង្កើតខ្ញុំឬ? ពេលស្រាលញ់គ្នាបង្កើតពួកខ្ញុំ ពេលស្អប់គ្នា ក៏យកពួកខ្ញុំមកចិញ្រ្ជាំឬ?
ពាក្យថាព្រហ្មវិហារធម៌គ្មានសម្រាប់ឪពុកម្ដាយខ្ញុំទេ ខ្ញុំក៏មិនស្ដាយក្រោយដែលស្គាល់ជីវិតបែបនេះដែរ ដើម្បីដឹងថារសជាត់ល្វីងជូរចត់វា ពិបាកទ្រាំកម្រិតណា ពិតណាស់ជីវិតគ្រោតគ្រាត គេតែងនិន្ទាដៀលថា មកពីជាតិមុន ខ្ញុំប្រព្រឹត្តមិនល្អទើបជួបឪពុកម្ដាយមិនល្អ ហ៊ឺម!
ផ្នត់គនិតមិនរីកចម្រើនសោះ! អ្វីដែលខ្ញុំចង់បកស្រាយនោះគឺ ការប្រើពាក្យ ការវិភាគ ទៅតាមភាពជាក់ស្ដែង និងពឹងបញ្ញាខ្លះផង។ នេះមកពីខ្ញុំកើតមកជាកូន កូនដែលរងគំនាប ដោយសារជីវិតរបស់ពួកគាត់មិនបានគាប់ប្រសើរទាំងការរស់នៅ ទាំងចំណេះវិជ្ជា ទាំងការគិតត្រឹមត្រូវ។ ការរស់នៅក្នុងភាពក្រីក្រ ក្រទាំងចិត្ត ក្រទាំងចំនេះ ក្រទាំងកាយវាចារចិត្ត ក្រទាំងចរិក ក្រទាំងទ្រព្យ ក្រទាំង ការគិត រៀនវិភាគខ្លះផង ជំនាន់ពួកគាត់ឭតែភាពហិង្សា ប្រទេសក្នុងសង្រ្គាម សង្រ្គាមស៊ីវិល ក្រុមគ្រួសារក៏បែកបាក់ សាលារៀន ក៏ខ្ទីខ្ទេច អ្វីៗដែលគាត់លូតលាស់ធំធាត់ជាមួយ គឺ រត់គេចពីសង្រ្គាម គ្រាប់កំាភ្លើង ការកាប់សម្លាប់ ការសងសឹក ការបែកបាក់ ការចោទប្រកាន់ ។ល។ ការឈឺចាប់ក៏ត្រូវយកមកសាបព្រួសលើកូនៗខ្លួនឯង តាមពិតគឺឪពុកខ្ញុំបានត្រឹមតែខ្លាំងកាច វាយដំ ហិង្សាដាក់ កូនៗ និងប្រពន្ធខ្លួនឯងប៉ុណ្ណោះ គាត់មិនហ៊ានជាមួយអ្នកក្រៅឡើយ គឺគាត់ខ្លាចឡើងរួញខ្លួន ញ័រដូចកូនសត្វត្រូវទឹក ហើយពេលខ្លះ គឺគាត់មកដាស់ខ្ញុំទាំងកណ្ដាលយប់ ហៅបងប្អូនៗខ្ញុំឯទៀត ថា "មកជំនុំគ្នា...យើងរៀបចំផែនការនេះ..." ខ្ញុំដំបូងស្អប់អាការៈបែបចម្លែក នេះរបស់គាត់គ្រប់ពេលគាត់គិត មិនដឹងមានរឿងលាក់លៀមអ្វីចាំបាច់ធ្វើអញ្ជឹង ម៉្ដេចមិននិយាយស្រុះស្រួលចំៗ ជាមួយគ្នាដើម្បីឲអស់សង្ស័យ? ដល់ពេលមួយ គឺថ្ងៃដែលខ្ញុំបានធ្វើកិច្ចការសាលាក្នុងថ្នាក់យេនឌឺ អំពីរឿងខ្មែរក្រហម ការធ្វើសំភាសន៍ នោះទើបខ្ញុំបានដឹងថា ឪពុកខ្ញុំបានជាប់ដិតដាមនឹងការសម្លាប់រង្គាល គាត់ក៏ធ្លាប់ប្រាប់ខ្ញុំថា ប្អូនស្រីរបស់ ស៊ុំមុយ ត្រូវស្លាប់ដោយសារ ខ្មែរក្រហមបង្អត់អាហារ គាត់ក៏ធ្លាប់រត់គេច ក៏ត្រូវក្រុមខ្មែរក្រហមយកដាវច្រេះមកចាក់ចំភ្លៅមានស្នាមទល់ឥលូវ តែគាត់មិនបានប្រាប់ លម្អិតតាមគាត់បានសម្លាប់ពួកឬយ៉ាងណា គឺគាត់បានត្រឹមយំ រួចបញ្ចប់ត្រឹមហ្នឹង។ ឯការគិតរបស់ខ្ញុំឆ្ងល់ ពួកខ្មែរក្រហមបើចាប់បាន អ្នកណារត់គេច វាមិនទុកឲរស់ទេ ហេតុអ្វីគាត់ត្រូវរបួសធ្ងន់យ៉ាងនេះហើយ ហេតុអ្វីគាត់រួចខ្លួន លុះត្រាតែគាត់តដៃ ហើយនឹងមាន ម្នាក់ស្លាប់ទើបគាត់អាចរួចខ្លួន។
ចុងក្រោយអ្វីដែលខ្ញុំបានរស់ដល់ពេលនេះ ខ្ញុំដឹងថា ការរស់នៅ ការស្លាប់គឺនៅទន្ទឹមគ្នា គ្រប់ពេល គ្រប់កន្លែង តែយើងជាអ្នកកំណត់ ថាត្រូវរស់នៅជាម្លប់ ឬរស់នៅជាឧបសគ្គ? ជីវិតបានប្រឹងរៀនប្រវេប្រវាអស់ហើយ វាបានត្រឹមប៉ុណ្ណឹង មិនអាចឲខ្លួនត្រូវរងទុក្ខនឹង ការឈឺចាប់រហូតទៅបញ្ចប់ជីវិតម្ដងហើយម្ដងទៀតនោះទេ យ៉ាងហោចណាស់ ក៏ត្រូវរស់នៅជួយអ្នកជិតខាងខ្ញុំ ប្រជាពលរដ្ឋល្អៗ ប្រទេសខ្ញុំ ត្រូវការខ្ញុំ ខ្ញុំបានរកយុត្តិធម៌ឲខ្លួនបានហើយ ខ្ញុំធ្វើវាបានហើយ មិនបានបោះការរៀនសូត្រទោះបីឧបសគ្គ ជីវិតមកបិទបាំង ងងឹតយ៉ាងណា ព្រោះខ្ញុំចង់ដឹងការពិត។ ពេលវេលា បទពិសោធន៍ ការស្រាវជ្រាវ ការប្រើបញ្ញា នោះនឹងផ្ដល់ចម្លើយ គ្រាន់តែវាយូរ ដោយសារឧបសគ្គតែប៉ុណ្ណោះ។
ក្ដីសង្ឃឹម ភ្លើងឆាបឆួលក្នុងទ្រូងព្រោះការឈឺចាប់ បានជម្រុញឲខ្ញុំប្រាថ្នាចង់ក្លាយជាអ្នកដឹងនាំប្រទេស មិនមែនប្រឆាំងនឹងអ្នកប្រមុខ ដឹកនាំ តែព្រោះការមើលឃើញការឈឺចាប់កំហុស ប្រៀបដូចជាសង្រ្គាមក្នុងគ្រួសារដែលខ្ញុំបានធំឡើងជាមួយ។ វាគឺការជម្លោះ មកពី ការចង់ឈ្នះចង់ចាញ់ សម្លាប់តាមអារម្មណ៍ ប៉ុន្តែផ្លូវចិត្តខ្ញុំទន់ខ្សោយណាស់ ដោយសារសង្រ្គាមគ្រួសារកន្លែងដែលបានផ្ដល់ដំបៅ វាបានធ្វើឲខ្ញុំស្រលាញ់តែការស្មោះត្រង់ និងធ្វើល្អចំពោះឃ្នីឃ្នា តែបែរជាគេតែងនិយាយចម្អកឲខ្ញុំថា "You are too nice, you are too honest"។ វាពិតណាស់ក្លាយជាអ្នកដឹកនាំត្រូវ master trick ឯខ្ញុំ too nice too honest ប្រហែលវាអាចធ្វើអត្តឃាតខ្លួនឯង ទៀតមិនខាន។ កន្លែងច្បាប់ យុត្តិធម៌ ប្រហែលជាកន្លែងដែលស័ក្តសមនឹងខ្ញុំជាង ស្រលាញ់មុខវិជ្ជាជីវៈជាចៅក្រម តែក៏មិនដឹងថា អាចទៅរួចកម្រិតណាដែរ ព្រោះមុខវិជ្ជាជីវៈមួយនេះ កំណត់អាយុ ឯខ្ញុំ ៣៥ឆ្នាំទៅហើយ។
ដូចនេះបង្កើតឳកាសឲខ្លួនឯងបានជួយដល់ស្រ្ដីសហគ្រិន មុនអ្វីៗត្រូវបញ្ចប់ (ជីវិត)។ មិនបានថ្លៃឈ្មួល ក៏បានត្រឹមតម្លៃក្នុងសង្គម ដើម្បីឲសហគមន៍ខ្ញុំ គិតត្រូវ ធ្វើត្រូវ ជួយត្រូវមនុស្ស (ស្រ្ដីសហគ្រិន - បង្កើតអាជីវកម្ម ដូចបង្កើតការងារឲមាន ឯសេដ្ឋកិច្ចក៏មានចរន្ដ) ដូចនេះជាពេលដែលត្រូវគិតត្រូវ ធ្វើរឿងត្រូវសម្រាប់អ្វីដែលខ្លួនឯងសប្បាយចិត្តម្ដង។
ចុងក្រោយសូមអរគុណសម្រាប់ការទុកចិត្ត និងអាននូវប្រវត្តិដ៏កម្មក្រាស់នេះ ខ្ញុំក៏សង្ឃឹមថា រឿងរ៉ាវនេះគឺជាមេរៀនសម្រាប់មនុស្សគ្រប់ គ្នា សូមកុំវាយតម្លៃរឿងហិង្សាជារឿងតូចតាច ក៏កុំវាយតម្លៃគ្រួសារដែលបែកបាក់ជាគ្រួសារដែលអប្បលក្ខណ៍ ក៏កុំវាយតម្លៃកូនអ្នកក្រ ពិសេសក្មេកដែលត្រូវរស់នៅក្នុងគំនាប និងសំពាធផ្លូវចិត្ត ទោះបីខ្ញុំត្រូវឪពុកជេរដៀលប្រមាថ មួលបង្កាចបង្ខូច នោះខ្ញុំមិនកាចសាហារទៅធ្វើរឿងទាំងនោះដាក់នរណាម្នាក់ឡើយ។ ដូចនេះសូមបញ្ឈប់ការរើសអើង ការសាបព្រួសពាក្យមួល បង្កាច់បង្ខូចខ្ញុំ ព្រោះវាជាដំបៅខ្ញុំបានលីវាជាង ម្ភៃឆ្នាំមកហើយ ។
កំណត់ចំណាំ៖ ខែឧសភា ឆ្នាំ២០២១